សមត្ថកិច្ចការពារព្រំដែនគោគកំពុងដើរល្បាតតាមព្រំដែន ប្រទះឃើញក្រុមឈ្មួញកំពុងសម្រុកដេញគោឆ្លងដែន…
ខេត្តស្វាយរៀង៖ សមត្ថកិច្ចចុះល្បាតតាមព្រំដែនប្រទះឃើញក្រុមឈ្មួញកំពុងលួចដេញសត្វគោមួយហ្វូង ដែលមានចំនួនប្រមាណជាង ៥០ក្បាល បម្រុងឆ្លងដែនទៅប្រទេសវៀតណាម ត្រូវសមត្ថកិច្ចឃាត់សួរនាំ ដេញឲ្យត្រឡប់ក្រោយវិញ ប៉ុន្តែឈ្មួញមិនព្រមក៏កើតទៅជារឿងឈ្លោះគ្នាបែកផ្សែង។
ករណីនេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃអង្គារទី៧ ខែមិនា ឆ្នាំ២០២៣ នៅចំណុចច្រករបៀងក្រាំងលាវ ស្ថិតនៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
បើតាមលោកវរសេនីយ៍ទោ ទិត្យ ស៊ីថា មេបញ្ជាការវរសេនាតូចលេខ២ នៃវរការពារព្រំដែនជើងគោកតំបន់ប្រតិបត្តិការសឹករងស្វាយរៀង បានឲ្យដឹងថា ការឃាត់សត្វគោទាំងនេះ ដោយឈ្មួញបានបម្រុងលួចឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់ ពោលគឺនាំសត្វគោរស់ឆ្លងដែនតាមច្រករបៀងក្រាំងលាវ ដែលច្បាប់ហាមឃាត់។
ប្រភពបន្តថា៖ បើតាមការពិនិត្យច្បាប់អនុញ្ញាតឬអាជ្ញាប័ណ្ណ គឺអនុញ្ញាតឲ្យក្រុមហ៊ុននាំសត្វគោរស់ នាំពីប្រទេសថៃឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា ឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិព្រៃវល្ល៍ ដែលមានទីតាំងស្ថិតនៅភូមិព្រៃវល្ល៍ ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
ព្រោះច្រកអន្តរជាតិដែលមានសមត្ថកិច្ចពាក់ព័ន្ធ មន្រ្តីគយនិងមន្ត្រីពេទ្យសត្វពិនិត្យបង់ពន្ធ និងកាត់ស្តុកបានត្រឹមត្រូវ និងមិនខាតដល់ថវិការដ្ឋ ក៏ប៉ុន្តែក្រុមហ៊ុនបែរជាលួចដេញសត្វគោ បម្រុងឆ្លងដែនទៅប្រទេសវៀតណាមដោយខុសច្បាប់តាមច្រករបៀងក្រាំងលាវ ស្រុកស្វាយជ្រំ ទៅវិញ។
ដោយគ្មានការឆ្លងកាត់ការត្រួតពិនិត្យពីសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចការពារព្រំដែនទេ ហើយបង្កឲ្យមានការប្រឈម នូវអំពើចោរកម្ម ដោយកន្លងមកមានជនខឹលខូចបានមកបន្លំគៀងគោក្របីប្រជាពលរដ្ឋដែលឃ្វាលនៅតាមវាលស្រែជាប់ព្រំដែនចូលទៅប្រទេសវៀតណាមទើបសមត្ថកិច្ចទប់ស្កាត់ការនាំចេញគោក្របីនៅតាមច្រករបៀង ហើយករណីនេះមិនមែនចេញតាមច្រករបៀងទៅទៀត គឺដេញតាមវាលស្រែជាប់ព្រំដែន ដែលគ្មានសមត្ថកិច្ចឈរជើង នេះជាបទល្មើសឆ្លងដែនត្រូវតែហាមឃាត់និងបង្ក្រាបឱ្យបាន។
ទាក់ទិនករណីនេះដែរ តំណាងក្រុមហ៊ុន ប្រាប់ថា តាមពិតទាហ៊ាន ការពារព្រំដែនវរសេនាតូចលេខ២ ស្កាត់ទាបង់លុយ ក្បាលឡានក្នុង១ឡាន៤០ម៉ឺនរៀល ពេលក្រុមហ៊ុនមិនឲ្យទើបឃាត់គោមិនឲ្យឆ្លងដែនតែម្តង ដោយក្រុមហ៊ុនមានច្បាប់នាំចេញ ដោយមានចុះហត្ថលេខាពីឯកឧត្តមអភិបាលខេត្តស្វាយរៀង ឲ្យនាំចេញតាមច្រកនានាក្នុងខេត្តស្វាយរៀង ។
ហើយមន្ត្រីគយក៏បានបង់ពន្ធរួចហើយដែរនិងអនុញ្ញាតិឲ្យចេញតាមច្រករបៀងក្រាំងលាវនេះក៏បាន តែមន្ត្រីយោធាការពារព្រំដែនបានបដិសេធ៍ការចោទប្រកាន់ថា មន្ត្រីយោធាកាក់រថយន្តទាបង់ប្រាក់ក្បាលឡាន ១គ្រឿង៤០ម៉ឺនរៀលនោះគឺមិនពិតទេ ។
តាមពិតមន្ត្រីការពារព្រំដែនដើរល្បាត ប្រទះឃើញឈ្មួញកំពុងដេញគោ តាមវាលស្រែជាប់ព្រំដែន បម្រុងលួចឆ្លងដែនទៅប្រទេសវៀតណាម ដោយប្រើប្រាស់រូបភាពជារបៀបដេញឃ្វាលតាមក្បែរជាប់ព្រំដែន ពេលស្ងាត់លួចគៀងដេញទម្លាក់ទឹកអូឆ្លងដែនទៅប្រទេសវៀតណាមតែម្តង។
ករណីនេះកើតឡើងតាំងពីល្ងាចថ្ងៃច័ន្ទ ទី៦ ខែមិនា ឆ្នាំ២០២៣ កន្លងទៅពេលសមត្ថកិច្ចសួរអ្នកដេញគោប្រាប់ថា ដេញទៅឲ្យផឹកទឹក ទើបឃាត់ទុក ហើយឲ្យក្រុមឈ្មួញនាំសត្វគោ ចេញទៅច្រកទ្វាព្រំដែនអន្តរជាតិព្រៃវល្លិ៍ តាមច្បាប់ដែលបានអនុញ្ញាត ព្រោះមានសមត្ថកិច្ចជំនាញនិងពេទ្យសត្វឈរជើងពិនិត្យ និងកាត់ស្តុកតាមនីតិវិធីតែឈ្មួញមិនព្រម ៕