លោកជំទាវ ហៅ ច័ន្ទសេរីទេពី ចៅ ភិរុណ អញ្ជើញចូលរួមសូត្រមន្តក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅវត្តត្នោតជ្រំ ហៅវត្តត្តោត ស្ថិតក្នុងភូមិឬស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង
លោកជំទាវ ហៅ ច័ន្ទសេរីទេពី ចៅ ភិរុណ រួមទាំងក្រុមគ្រួសារ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមសូត្រមន្តក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅវត្តត្នោតជ្រំ ហៅវត្តត្តោត បាននាំទេយ្យវត្ថុ ទេយ្យទានបច្ច័យ ទៅវេរប្រគេនដល់ព្រះសង្ឃ នៅក្នុងពិធីកាន់បិណ្ឌវេនទី៧ នៅវត្តត្នោតជ្រំ។
ពិធីនេះបានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី លោកគ្រូអាចារ្យ គណៈកម្មការ ពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ។
បន្ទាប់ពីវេរប្រគេនគ្រឿងបរិក្ខារបុណ្យ ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធ មាតាបិតាជីដូនជីតាញាតិកាទាំង ៧សន្ដាន ទៅតាមគន្លងប្រពៃណីសាសនា លោកជំទាវ បានសំដែងនូវសេចក្តីគោរព ចំពោះព្រះសង្ឃ និងសេចក្តីសាទរចំពោះពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។
លោកជំទាវបានមានប្រសាសន៍បន្ថែមទៀតថា សូមឱ្យអ្នកអញ្ជើញចូលរួមក្នុងពិធី សូមថែរក្សាអនាម័យ ដើម្បីទទួលបាននូវសុខភាពល្អ និងជៀសឆ្ងាយពីជំងឺកូវីដ១៩។
ឆ្លៀតក្នុងឱកាសនេះផងដែរ ចៅអធិការវត្តត្នោតជ្រំ នៅវត្តត្នោត ព្រះអង្គសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោកជំទាវ និងក្រុមគ្រួសារ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលជ្រះថ្លាបានចូលជាបច្ច័យ និងទេយ្យវត្ថុ ដើម្បីរួមចំណែកចាប់មគ្គផលកុសលអនិសង្ស និងអនុមោទនាយកផល្លានិសង្ឃ តាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន ។
ជាចុងបញ្ចប់ព្រះគ្រូចៅអធិការវត្ត ត្នោតជ្រំ សូមប្រសិទ្ធពរជ័យ បវរសួស្ដី ជ័យមង្គលចូលកើតមានដល់ លោកជំទាវព្រមទាំងក្រុមគ្រួសារ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី និងញាតិញោមទាំងអស់ ដែលបានចូលរួមក្នុងពិធីនេះ សូមឲ្យបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។