សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣-២០២៥ សំរាប់ ស្រុកឃុំ
(ខេត្តស្វាយរៀង)÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី ២៩ ខែកញ្ញា ឆ្នាំ ២០២២ លោកលោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុកចន្ទ្រា ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោក លោកស្រីមេឃុំ ស្មៀនឃុំ ទាំង៦ ក្នុងស្រុក មន្ត្រីរាជការសាលាស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត សរុបចំនួន ៦២នាក់ ស្រី ១១នាក់។
មានប្រសាសន៍ទៅកាន់អង្គពិធីនេះ លោកអភិបាលស្រុក បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរពាក់ព័ន្ធនាពេលកន្លងមកបានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋានស្រុក ឃុំ និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ របស់ខ្លួនទៅតាមតួនាទីភារកិច្ច និងអរគុណចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ និងសប្បុរសជនទាំងអស់ ដែលតែងសហការគាំទ្រជាបន្តបន្ទាប់ដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់ ស្រុក ឃុំ តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលនៃការធ្វើសមាហរណកម្មនាពេលនេះ។
លោក អភិបាលស្រុក បានបន្តថា គោលបំណងនៃការរៀបចំសិក្ខាសាលានាពេលនេះ គឺដើម្បីធ្វើឲ្យគម្រោងសកម្មភាពជា អាទិភាព ស្នើឡើងដោយអាជ្ញាធរឃុំ មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពនានារបស់បណ្ដាមន្ទីរ អង្គភាពជំនាញ ឈានទៅសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ។
លទ្ធផលនៃអង្គសិក្ខាសាលា រួមមាន នៅឆ្នាំ២០២៣ខាងមុខគម្រោង វិនិយោគស្រុកចន្ទ្រា មានចំនួន ១៨គម្រោង មានការសន្យាគាំទ្រចំនួន ២គម្រោង ក្នុងនោះមានការសន្យាគាំទ្រក្នុងគម្រោង ទាំង២គម្រោង។
ចំពោះគម្រោងវិនិយោគឃុំទាំង៦ ក្នុងស្រុក មានចំនួន ១១៥គម្រោង មានការសន្យាគាំទ្រចំនួន ៨១គម្រោង ស្មេីនឹង៧០,៤៣% ក្នុងនោះមានការសន្យាគាំទ្រក្រៅគម្រោង មានចំនួន ៤៤គម្រោង ស្មេីនឹង៥៤,៣២% ហេីយមានការសន្យាគាំទ្រក្នុងគម្រោង មានចំនួន ៣៧គម្រោង ស្មេីនឹង ៤៥,៦៨%។