ការលួចជីកអាចម៍ដីរបស់រដ្ឋយកទៅលក់គឺជាបទល្មើសព្រហ្មទណ្ឌ តើឈ្មួញលួចជីកដីឬបើសិនមានអ្នកបញ្ជាឲ្យជីកដី ទុកឱ្យរួចផុតពីសំណាញ់ច្បាប់(ផ្លូវតុលាការ)ឬគ្រាន់តែធ្វើការអប់រំស្រាលៗ តើវាជារឿងសាកសមដែរឬទេ…
ខេត្ដស្វាយរៀង ៖ អាជ្ញាធរស្រុករំដួលដឹកនាំដោយលោក ហែម សុីណា បានចុះផ្អាកសកម្មភាពក្រុមហ៊ុនគ្រឿងចក្រមួយដែលកំពុងធ្វើសកម្មភាពជីកកកាយដឹកយកអាចម៍ដីមួយកន្លែងរបស់លោក ហុក សុខា ដែលជីកដីចំណីព្រែកនិងចាក់លុបដីចំណីព្រែកដែលជាកម្មសិទ្ធរបស់រដ្ឋ បម្រុងធ្វើជាដីកម្មសិទ្ធិផ្ទាល់ខ្លួនទាំងគ្មានច្បាប់ តែត្រូវបានអាជ្ញាធរស្រុករំដួល ឲ្យកាយដីឡើងវិញ នៅថ្ងៃទី១៩ ខែមករាឆ្នាំ២០២៣ នេះ នៅចំណុច តាមបណ្ដោយផ្លូវជាតិលេខ១៣ ស្ថិតនៅភូមិត្រពាំងដំរី ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង ។
លោកអភិបាលស្រុកបានប្រាប់ឲ្យដឹងថា: ការជីកដីព្រែក និងចាក់ចូលដីព្រែក កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ លោក បានចាត់ឱ្យលោក នួន ឧត្ដម អភិបាលរងស្រុក ដឹកនាំមន្ត្រីជំនាញរបស់សាលាស្រុក កម្លាំងសមត្ថកិច្ច និងអាជ្ញាធរភូមិ ឃុំ ចុះទៅពិនិត្យជាក់ស្តែងឃើញថា មានការជីកដីព្រែកនិងចាក់ចូលដីព្រែកពិតមែន ដោយម្ចាស់គ្រឿងចក្រ ពុំបានសុំច្បាប់ឲ្យបានត្រឹមត្រូវហើយក៍ផ្អាកសកម្មភាពជីកកកាយដីនេះជាបន្ទាន់ផងដែរ ។
លោកបានបន្ដថា ៖ នៅថ្ងែទី១៩ ខែមករាឆ្នាំ២០២៣នេះ លោកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុករំដួល ចុះទៅពិនិត្យមើលដោយផ្ទាល់ម្តងទៀតហើយបានដកហូតគ្រឿងចក្រមករក្សាទុករង់ចាំការដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែកឯដីចាក់ចូលដីព្រែកកាយដីឡើងវិញហើយរង់ចាំចំណាត់ការរបស់ថ្នាក់លើសិន ។
ចំពោះការចុះផ្អាកសកម្មភាពនិងដកហូតគ្រឿងចក្រនេះព្រោះថាគ្រឿងចក្រគ្មានច្បាប់អនុញ្ញាតហើយចាក់ដីចូលព្រែកមិនគោរពតាមអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឃុំ ស្រុក ព្រមទាំងជីកកកាយយកអាចម៍ដីដែលបានចាក់ និងជីករំលោភលើដីរបស់រដ្ឋវិញហើយបញ្ចប់រឿងនោះទេគឺវាអាស្រ័យលើថ្នាក់ដឹកនាំលោកជាអ្នកមានសិទ្ធិសម្រេច ។
លោកបញ្ចាក់ទៀតថា៖ នៅពេលនោះ គឺបានដកហូត គ្រឿងចក្រផ្អាកសម្មភាពកាយដីព្រែកនិងចាក់ដី ហើយអោយម្ចាស់គ្រឿងចក្រទៅសុំច្បាប់និងឲ្យម្ចាស់ដីយកឯកសារពាក់ព័ន្ធចូលទៅសាលាស្រុករំដួលដើម្បីពិនិត្យជាក់ស្តែងសិន និងរង់ចាំថ្នាក់ដឹកនាំលោកជាអ្នកសម្រេចថាយ៉ាងណាសិន។
ប៉ុន្តែបើយើងស្ដាប់ឲ្យច្បាស់ថាភាសាលួច វាគឺជាបទល្មើសព្រហ្មទណ្ឌ ដូចនេះបើសិនជាឲ្យបុគ្គលដែលលួចដីរដ្ឋ ឬបើសិនជាមានអ្នកបញ្ជាពីក្រោយខ្នង ឱ្យរួចផុតពីសំណាញ់ច្បាប់ (ផ្លូវតុលាការ) ឬគ្រាន់តែធ្វើការអប់រំស្រាលៗ តើវាសមទៅនឹងភ្នែករបស់មហាជនដែរឬទេ។