ពលរដ្ឋភូមិថ្នា សប្បាយចិត្តក្រោយឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត អញ្ជើញបើកការដ្ឋានជួសជុលផ្លូវលំក្រាលថ្មបំបែក…
ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល សប្បាយចិត្តជាខ្លាំងក្រោយបើកការដ្ឋានធ្វើផ្លូវលំមួយខ្សែក្រាលថ្មបំបែក ដែលមានបណ្ដោយប្រវែង ៥,៦២០ម៉ែត្រ និងទទឹងប្រវែង ៤ម៉ែត្រ ដែលមានកម្រាស់ ១.៥០សង់ទីម៉ែត្រ មានដាក់លូមួយកន្លែងទំហំ០.៦០ម៉ែត្រ និងដាក់ស្លាកសញ្ញាដែលជាគម្រោងថវិកាមូលនិធិសម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២។
ដោយមានការដឹកនាំរបស់លោក ហែម ស៊ីណា អភិបាលស្រុករំដួល ក្រោមនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខថ្នាក់ដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិត។
ព្រឹកថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្តនិងលោក ហែម ស៊ីណាអភិបាលស្រុករំដួល បានអញ្ជើញចុះពិនិត្យនិងបើកការដ្ឋានធ្វើផ្លូវលំមួយខ្សែក្រាលថ្មបំបែក នឹងបានឆ្លៀតឱកាសសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅភូមិថ្នា ឃុំថ្នាធ្នង់ ស្រុករំដួល នេះសរបញ្ជាក់ឱ្យអោយបងប្អូន មើលឃើញកាន់តែច្បាស់ ថាអាជ្ញាធរស្រុក អាជ្ញាធរខេត្ត ជាពិសេសគឺអាជ្ញាធរឃុំតែងតែយកចិត្តទុក្ខដាក់ជាប់ជានិច្ចចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។
ឯកឧត្តម តូច ប៉ូលីវ៉ា ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តថ្លែងថា៖ ផ្លូវ តូចឬធំ គឺជាសរសៃឈាមនៃខឿនសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ពោលគឺមាន ទឹក ផ្លូវ ភ្លើង ស្ពានថ្នល់ សាលារៀនមន្ទីរពេទ្យ វត្តអារាម គឺមានក្តីសង្ឃឹម(ពិសេសគឺផ្លូវលំមួយខ្សែដែលបើកការដ្ឋាននៅថ្ងៃនេះ) សូមបងប្អូនចូលរួមថែរក្សាកុំដឹកលើសទម្ងន់ទើបផ្លូវយើងគង់វង្សបានយូរ ហើយយើងទាំងអស់គ្នាត្រូវតែ អរគុណសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍដូចសព្វថ្ងៃនេះ ។
ឯកឧត្តម បានបញ្ជាក់ថា ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តលោកតែងតែបានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ឆ្ងាយៗទីចុងកាត់មាត់ញ៉ោកដាច់ស្រយាល និងបានកសាងសមិទ្ធផលនានាជាច្រើននៅទូទាំងខេត្ត។
ឯកឧត្តមបានផ្តាំផ្ញើរបងប្អូន៖ ពេលបានផ្លូវលំមួយខ្សែ ងាយស្រួលក្នុងការធ្វើដំណើរហើយ សូមចូលរួមថែរក្សា ឱ្យបានគង់វង្ស ព្រោះផ្លូវនេះជារបស់យើងទាំងអស់គ្នា មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ នឹងត្រូវរាយការណ៍ជូនអាជ្ញាធរ នៅពេលឃើញផ្លូវបាក់ស្រុត ដើម្បីឲ្យក្រុមហ៊ុនធ្វើការជួសជុលឡើងវិញដើម្បីឲ្យផ្លូវនេះជាប់ល្អ ។ ម្យ៉ាងវិញទៀតដើម្បីឲ្យផ្លូវនេះមើលទៅឃើញធំទូលាយរឹងមាំសូមបងប្អូនចូលរួមកាប់ដើមឈើនៅអមសងខាងផ្លូវនិងរុះរើ រាល់ផលប៉ះពាល់ទាំងអស់រៀងៗខ្លួន ដើម្បីពន្លឿនផ្លូវឲ្យបានដំណើរការលឿននិងជាប់រឹងមាំ។
ឯកឧត្តមសូមឱ្យបងប្អូនដែលគ្រប់អាយុ បោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោត នៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខឱ្យបានគ្រប់ៗគ្នា ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អនិងបន្តចូលរួមអនុវត្តន៍អោយបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាលគឺ ៣កុំ ៣ការពារ ពិសេសគឺគោរពច្បាប់ចរាចរណ៍(បើស្រវឹងកុំបើកបរ)។
ឯកឧត្តមអភិបាលរងខេត្តនៅបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បើមានកូនចៅនៅមិនទាន់មានការងារធ្វើហើយចង់បង្កើនចំណេះដឹងដើម្បីមានប្រាក់ពលកម្មខ្ពស់នោះ សូមអញ្ជើញទៅចុះឈ្មោះចូលរៀននៅសាលាពហុបច្ចេកទេសតេជោសែន មានគ្រប់ជំនាញ ដែលមានទីតាំងស្ថិតនៅខាងលិចស្រះវង់ ឬក៏តារាងបាល់ខេត្ត ។
នៅចុងបញ្ចប់ ឯកឧត្តមបានផ្តាំផ្ញើរបន្ថែម ដល់ក្រុមហ៊ុនថា បន្ទាប់ពីសម្ពោធបើកការដ្ឋានអោយដំណើរការចាប់ពីថ្ងៃនេះតទៅ គឺធ្វើយ៉ាងណាត្រូវពង្រឹងគុណភាពអោយបានល្អជាងមុន ដើម្បីឈានទៅចាប់យកនូវការដេញថ្លៃបន្តទៀត នៅជំហានន្ទាប់ ។