អភិបាលខេត្តស្វាយរៀង សូមឱ្យប្រធានមន្ទីរ អភិបាលក្រុងស្រុកទាំងអស់ ត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូការងារ…
ពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌ក្នុងខេត្តស្វាយរៀង ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសំដែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ដែលបានជួបជុំសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅថ្ងៃនេះ និងជាលើកទីមួយដែលរដ្ឋបាលខេត្តស្វាយរៀងបានរៀបចំការជួបជុំគ្នា និងជាឱកាសបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ឲ្យដូចថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃទិវានៃក្តីស្រឡាញ់ ដើម្បីសំដែងនូវការយល់ចិត្តគ្នា រវាងអ្នកសារព័ត៌មាននិងរដ្ឋបាលខេត្តស្វាយរៀង សុំឱ្យអ្នកសារព័ត៌មានផ្សាយព័ត៌មានណាដែលពិត កុំឱ្យដូចជាសារព័ត៌មាន VOD ដែលក្រសួងព័ត៌មានបានសម្រេចលុបចោលអាជ្ញាប័ណ្ណ ពីព្រោះសារព័ត៌មាននេះបានផ្សាយនៅព័ត៌មានក្លែងក្លាយដែលធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។
ឯកឧត្តម សុំឱ្យអ្នកសារព័ត៌មានទាំងអស់ធ្វើការសហការជាមួយ រដ្ឋបាលខេត្ត មន្ទីរជុំវិញខេត្ត រដ្ឋបាលស្រុកក្រុង រដ្ឋបាលឃុំសង្កាត់ ដើម្បីទទួលបានព័ត៌មានពិតសុក្រឹតនិងយុត្តិធម៌ មុននឹងធ្វើការផ្សាយ និងសូមឱ្យអ្នកសារព័ត៌មានយើងទាំងអស់រួមគ្នា ធ្វើការរិះគន់ក្នុងន័យស្ថាបនាតែប៉ុណ្ណោះ។
ឯកឧត្តមបានបញ្ជាក់ថា នៅថ្ងៃខាងមុខគឺជា ពិធីចូលឆ្នាំប្រពៃណីខ្មែរ ដូចនេះរដ្ឋបាលខេត្តស្វាយរៀងចាំបាច់ត្រូវរៀបចំនូវសង្ក្រាន្តស្វាយរៀង ដើម្បីបង្កើតឲ្យមានភាពសប្បាយរីករាយនៅក្នុងខេត្តស្វាយរៀងរបស់យើង ជាពិសេស ផ្ដល់នូវភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋនៅក្នុងខេត្តស្វាយរៀង ដើម្បីបង្ហាញនូវ ការរីកចម្រើនប្រកបដោយសុខសុវត្ថិភាព នៅក្នុងខេត្តស្វាយរៀង។
ឯកឧត្តម មានការសោកស្ដាយណាស់ដែលមិនបានរៀបចំការជួបជុំជាមួយអ្នកសារព័ត៌មាន នាពេលកន្លងមក ព្រោះដោយសារតែជំងឺ covid19 តែថ្ងៃនេះយើងបានជួបជុំសំណេះសំណាលជាមួយគ្នាយ៉ាងពិតប្រាកដ។
ឯកឧត្តម បានសំណូមពរថា រាល់ព័ត៌មានដែលទាក់ទងទៅនឹងរដ្ឋបាលខេត្ត មុននឹងចុះផ្សាយ សូមឲ្យអ្នកសារព័ត៌មានយើងទាក់ទងមកអ្នកនាំពាក្យរដ្ឋបាលខេត្ត ដែលមាន ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត ដើម្បីជៀសវាងការផ្សាយទៅមានការភាន់ច្រឡំ ចៀសវាងផ្សាយទៅមានការប្រាសចាកពីសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន សូមឱ្យអ្នកសារព័ត៌មានមុននឹងចុះផ្សាយត្រូវមើលអង្គហេតុទាំងអង្គផល ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ។
ដូច្នេះសូមឱ្យអ្នកសារព័ត៌មានត្រូវចូលរួមយ៉ាងសកម្ម នូវភូមិឃុំមានសុវត្ថិភាពទាំង ៧ចំណុច ជាពិសេសបញ្ហាល្បែងស៊ីសងនៅតាមមូលដ្ឋានរបស់ខ្លួន ដូចជាសំណូមពររបស់ប្រជាពលរដ្ឋនិងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ត្រូវចុះយកព័ត៌មានឲ្យបានច្បាស់ រួចរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
និងសូមអនុវត្តតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវផ្សាយព័ត៌មាន កុំបំពានអ្នកដ៏ទៃកុំបំភ្លៃការពិត និងសូមកុំប្រឌិតកំហុសដាក់អ្នកដទៃ។
ក្នុងនាមខ្ញុំជាអភិបាលខេត្តស្វាយរៀង ខ្ញុំសូមគាំទ្រនិងការពារអ្នកសារព័ត៌មានដែលប្រព្រឹត្តត្រឹមត្រូវតាមវិជ្ជាជីវៈ និងសូមចូលរួមប្រយុទ្ធប្រឆាំងនៅព័ត៌មានដែលមិនពិតក្លែងក្លាយ ដើម្បីរក្សាឲ្យបាននូវសុខសន្តិភាព និងជួយវាយបកទៅលើសារព័ត៌មានណាដែលនិយាយបំភ្លៃនូវការពិត។
ខ្ញុំសូមរំលឹកម្តងទៀត សូមឱ្យប្រធានមន្ទីរ អភិបាលក្រុងស្រុកទាំងអស់ សូមឱ្យចាត់ទុកអ្នកសារព័ត៌មានជាដៃគូ និងត្រូវអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មានរាល់ការប្រជុំផ្សេងៗ។
ឯកឧត្តមបានថ្លែងនូវការកោតសរសើរ នូវឆន្ទៈនៃការខិតខំប្រឹងប្រែង របស់លោកប្រធានមន្ទីរព័ត៌មានខេត្ត ដែលបានយកចិត្តទុកដាក់ប្រឹងប្រែងផលិតពត៌មានពីគ្រប់ទិសទី បង្ហាញពីសមត្ថភាពនិងសកម្មភាពរបស់ថ្នាក់ដឹកនាំ ក្នុងការកសាងនិងអភិវឌ្ឍប្រែក្លាយមុខមាត់ខេត្តឱ្យមានការរីកចម្រើន ដើម្បីជាប្រយោជន៍ដល់សង្គមជាតិទាំងមូល។