សិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣ – ២០២៥ សម្រាប់ ក្រុងនិងសង្កាត់ស្វាយរៀង ២០២២
(ខេត្តស្វាយរៀង)÷ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងមានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង លោកនាយករងរដ្ឋបាលសាលាក្រុង ការិយាល័យនានាជុំវិញក្រុង លោក លោកស្រីចៅសង្កាត់ ស្មៀនសង្កាត់ទាំង៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ទៅកាន់អង្គពិធីនេះឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធរពាក់ព័ន្ធនាពេលកន្លងមក បានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋានក្រុង សង្កាត់ និងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ស្របតាមផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ របស់ខ្លួនទៅតាមតួនាទីភារកិច្ច និងអរគុណចំពោះមន្ទីរ-អង្គភាពពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ និងសប្បុរសជនទាំងអស់ ដែលតែងសហការគាំទ្រជាបន្តបន្ទាប់ដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែនការអភិវឌ្ឍន៍ កម្មវិធីវិនិយោគរបស់ ក្រុង សង្កាត់ តាំងពីដំណាក់កាលដំបូងរហូតដល់ដំណាក់កាលនៃការធ្វើសមាហរណកម្មនាពេលនេះ ។
ឯកឧត្តម ម៉ែន វិបុល បានបន្តថា គោលបំណងនៃការរៀបចំសិក្ខាសាលា នាពេលនេះគឺដើម្បីធ្វើឲ្យគម្រោងសកម្មភាពជាអាទិភាព ស្នើឡើងដោយអាជ្ញាធរឃុំ សង្កាត់ មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ទៅនឹងគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពនានារបស់បណ្ដាមន្ទីរ អង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ឈានទៅសម្រេចបាននូវគោលដៅរួមនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងពិតប្រាកដរបស់ប្រជាពលរដ្ឋ ។
ចុងបញ្ចប់នៃពិធីនោះដែរឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ផ្តាំផ្ញើរ អស់លោកដែលជាចៅសង្កាត់សូមបន្តយកចិត្តទុកដាក់បន្ថែមការពារបងប្អូនប្រជាពរដ្ឋនារដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដែលជាប្រពៃណីរបស់ខ្មែរយើងនៅពេលនេះអោយមានសុខសុវត្ថភាព ។